លោក ស៊ុន លៀងហេង ជាស្ថាបនិក និងជាប្រធានការិយាល័យមេធាវី ដឹ ខ័រ។
លោកមានបទពិសោធន៍ជាង ០៨ ឆ្នាំ ក្នុងកិច្ចការអនុវត្តដោយបង្ខំ រឹបអូស ឡាយឡុង ចលនវត្ថុនិងអចលនវត្ថុជាច្រើន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើន រួមមានជាអាទិ៍ សំណុំរឿងស្មុគ្រស្មាញដែលមានតម្លៃជាង ៣០ លានដុល្លារអាមេរិក នៅចំកណ្តាលរាជធានីភ្នំពេញ ដីកសិកម្មខ្នាតធំរាប់រយហិចតា នៅខេត្តកណ្តាល កំពង់ស្ពឺ និងព្រះសីហនុ ។
លោកមានបទពិសោធន៍ជាច្រើនលើការងារចាត់ចែងរក្សាការពារតាមផ្លូវតុលាការ លើទ្រព្យសម្បត្តិគ្រប់ប្រភេទ រាប់ទាំងការហាមឃាត់ការចាត់ចែងចលនទ្រព្យ អចលនទ្រព្យ ភាគហ៊ុន បង្កកគណនីធនគារ។
ក្រៅពីការងារខាងលើ លោកមានជំនាញក្នុងការដឹកនាំការចរចា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះសំណុំរឿងជាច្រើន រាប់ទាំង សំណុំរឿងវិវាទសេវាកម្មអគ្គិសនីក្នុងតម្លៃទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក ការលែងលះនិងបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធ និងការអនុវត្តកិច្ចសន្យានានា។
បច្ចុប្បន្នលោកមេធាវី ស៊ុន លៀងហេង ទទួលបានកិត្តិយសពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើការដឹកនាំនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ក្នុងតួនាទីជាប្រធាននាយកដ្ឋាន។ លោកធ្លាប់បានដឹកនាំការងារសង្គមផ្សេងៗទៀតជាច្រើន ក្នុងឋានៈជា សាស្ត្រាចារ្យតាមបណ្តាសាកលវិទ្យាល័យជាច្រើននៅកម្ពុជា និងជាប្រធានសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ ជាង មួយទស្សវត្សកន្លងមកហើយ។
លោក ស៊ុន លៀងហេង ទទួលបានវិញ្ញបនបត្រវិជ្ជាជីវៈមេធាវីពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសញ្ញាប័ត្រវិជ្ជាជីវៈអាជ្ញាសាលាជំនាន់ទី១ ពីសាលាភូមិន្ទអាជ្ញាសាលានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
លោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។